ម្តាយ ប៊ុត សីហា ថា ធ្វើចឹងដូចសម្លាប់កូនខ្ញុំ

ភ្នំពេញ៖ ក្រោយតារាចម្រៀង ប៊ុត សីហា ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លូន ពាក់ព័ន្ធករណីគ្រឿងញៀន លោក មាស រិទ្ធី ពិធីករដ៏ល្បីទូរទស្សន៍ហង្សមាស បានទម្លាយរឿងជុំវិញរឿងនេះថា «ផលិតកម្ម​ហង្ស​មាស ​បាន​ដឹង​រឿង ប៊ុត សីហា ប្រើ​ប្រាស់​គ្រឿង​ញៀន​​ចាប់​តាំង​ពី​ ពេល​ចូល​ប្រឡង​ក្នុង​កម្មវិធី​ The Voice Cambodia  ​រដូវ​កាល​ទី​១​មក​​ម្ល៉េះ តែផលិតកម្មអនុគ្រោះ​ និង​យោគ​យល់ ទុកពេលឲ្យកែខ្លួន»។ ប្រភពដដែលបន្តថា «ប៊ុត សីហា មិនកែខ្លួនសោះ រហូតដល់​អគ្គនាយក​ថា សីហាពិបាកណាស់ ខណៈតារាចម្រៀងរូបនេះ មិនគោរពម៉ោងការងារ ពោលគឺហាក់មិនខ្វល់ខ្វាយពីការងារឡើយ បើគេណាត់ម៉ោងនេះ ទៅម៉ោងនោះ ហើយពេលខ្លះទៀតគេណាត់ មិនទៅជួបក៏មាន»។

ទោះជាមានការអះអាងពីមន្ត្រីនគរបាលជាន់ខ្ពស់ថា ប៊ុត សីហា ត្រូវចាប់ខ្លួន ខណៈកំពុងទិញគ្រឿងញៀនក្តី ក៏ម្តាយជាទីគោរពរបស់តារាចម្រៀងធ្លាក់កូដរូបនេះ នៅតែចេញមុខបដិសេធដំណឹងនោះយ៉ាងដាច់អហង្ការថា «មិនមែនជាការពិតឡើយ»។ ក្នុងនោះ ស្ត្រីជាម្តាយវ័យ ៥០ឆ្នាំប្លាយ បកស្រាយភ្លាមៗថា «សមត្ថកិច្ចចាប់ឃាត់ខ្លួនកូន​ប្រុសខ្ញុំ ច្រឡំ។ ខ្ញុំជឿជាក់លើកូនប្រុសខ្ញុំ មិនមានប្រើប្រាស់គ្រឿងញៀនអ្វីនោះទេ»។ ស្ថិតក្នុងទឹកមុខស្លឹកស្លាំងមើលទៅគួរឲ្យអាសូរបំផុតនោះ ម្តាយ​ ប៊ុត សីហា បានលើកដៃសំពះ និងទទូច​ទាំងអួល​ដើមករថា «សូមបងប្អូនកុំយល់ច្រឡំទៀត កូនខ្ញុំគ្មានជក់គ្រឿងញៀនទេ ធ្វើអញ្ចឹងដូចសម្លាប់កូនខ្ញុំចឹង»។

បន្ទាប់ពីឃាត់ខ្លួនមិនទាន់បានប៉ុន្មានម៉ោង តារាចម្រៀងដើមកំណើតខេត្តកំពង់ស្ពឺ ប៊ុត សីហា ត្រូវបានសមត្ថកិច្ចដោះលែងវិញ ខណៈម្តាយ ​និងប្រពន្ធ មក​ធានា​យកទៅ​ធ្វើការ​អប់រំ និង​ដាក់​នៅ​កន្លែង​បន្សាប​គ្រឿង​ញៀន។ គួរបញ្ជាក់ថា តារាចម្រៀងកំព្រារឪពុក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីល្ងាចម្សិលមិញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត​នៅ​មុខ​សាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ គ្រា​ដែល​តារា​ចម្រៀង​រូប​នេះ កំពុង​ទៅ​ទិញ​គ្រឿង​ញៀនដើម្បីជក់៕

 

Add a Comment

Your email address will not be published. Required fields are marked *