ដឹងថា ៖ សុះ ម៉ាច និយាយអ្វី ពីសិល្បៈ ក្រោយល្បីដឹកញីស៊ីឈ្មោល

ភ្នំពេញ៖ អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានជំរុញឲ្យកញ្ញា ឌួង ហ្សូរីដា ចេញពីមុខបកស្រាយអំពីព័ត៌មានដែលបែកធ្លាយតាម បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា តារារូបនេះជាឈ្មួញកណ្ដាល រកស៊ីលក់ក្រមុំព្រហ្មចារីឲ្យមន្រ្តីធំៗនិងកូនអ្នកធំផងដែរ។ ដែលទាញពីហេតុផលថា ករណីរឿងអាស្រូវជួញដូរផ្លូវភេទក្នុងចំណោមសិល្បការិនី បានធ្វើឲ្យប៉ះទង្គិចខ្លាំងដល់ កេរ្តិ៍ឈ្មោះរបស់សិល្បករ ឬសិល្បការិនី ដទៃទៀតដែលជាអ្នកស្អាតស្អំ លោក សុះ ម៉ាច បាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា៖ «បើសិនជារឿងនេះ ប៉ះពាល់កិត្តិយសរបស់គាត់ ត្រូវចេញមុខបកស្រាយ យ៉ាងហោចណាស់ក៏មានសមាគម សិល្បៈ មានក្រសួង វប្បធម៌។

គាត់អាចធ្វើលិខិតទៅក្រសួងវប្បធម៌ដើម្បីរកដំណោះស្រាយ គាត់អាចរកជំនួយផ្លូវច្បាប់ដើម្បីជួយដោះស្រាយរកយុត្តិធម៌ឲ្យពួកគាត់។ គាត់មិនអាចសម្ងំបានទេ ដើម្បីបង្ហាញថា គាត់ជាអ្នកស្អាតស្អំ គឺត្រូវតែបង្ហាញ»។ ការអះអាងរបស់លោក សុះ ម៉ាច សិល្បករជើងចាស់ និងជាអតីតប្រធានសមាគមសិល្បៈរូបនេះធ្វើឡើងក្រោយពីមានក្រុមជនអនាមិក ឬហៅថា ហែគឃើរ (Hacker) កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានលួចចូល គ្រប់គ្រងគណនីហ្វេសប៊ុក (Facebook) របស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ពីខាងគណបក្សប្រជាជនកម្ពុជា និងជាកូនប្រុសរបស់លោក ហ៊ុន សែន ដែលបានលាតត្រដាងខ្ទេចខ្ទីគ្មានសល់ បង្ហាញថា កញ្ញា ឌួង ហ្សូរីដា ជាឈ្មួញកណ្ដាល ឬភាសាសាមញ្ញ ហៅថា ម៉ែយ៉ែម ក្នុងការរកស្រីក្រមុំព្រហ្មចារីដើម្បី បម្រើតណ្ហាផ្លូវភេទ របស់លោក ហ៊ុន ម៉ានី។

គួររំឭកថា កាលពីឆ្នាំ២០១៣ សមត្ថកិច្ចបានចាប់ខ្លួនថៅកែហាងកែសម្ផស្ស មីកាហ្សា របស់សិល្បការិនីម្នាក់ឈ្មោះ ជិន ស្រីមុច ហៅ ចែ មុំ ពីបទជួញដូរផ្លូវភេទ ដោយសារថៅកែស្រីរូបនេះ បានរកស៊ីលួងលោម និងបោកបញ្ឆោតក្មេងស្រី មិនទាន់គ្រប់អាយុ យកទៅឲ្យរួមភេទជាមួយភ្ញៀវដែលជាអ្នកមានលុយ និងមានអំណាច ឬភាសាសាមញ្ញហៅថា តាតា នោះ។ មួយឆ្នាំក្រោយមក គឺនៅចុងខែមករា ឆ្នាំ២០១៤ នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចាប់ខ្លួនតារាចម្រៀងម្នាក់ទៀត ឈ្មោះ អ៊ូ រស្មី ពីបទជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់ អាយុនោះដែរ៕

Add a Comment

Your email address will not be published. Required fields are marked *